តើប្លង់រឹងមានប៉ុន្មានប្រភេទ?
តើប្លង់រឹងចេញតាំងពីសម័យរដ្ឋកម្ពុជា នៅមានសុពលភាពដែរឬទេ?
នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីសម័យរដ្ឋកម្ពុជាមកដល់បច្ចុប្បន្ន ប្លង់កម្មសិទ្ធិលើដីធ្លីត្រូវបានបែងចែកជាពីរប្រភេទធំៗ គឺ ប្លង់រឹង និង ប្លង់ទន់។ ក្នុងអត្ថបទនេះ នឹងផ្តោតពន្យល់អំពី ប្លង់រឹង។
ប្លង់រឹង គឺជាប័ណ្ណ ឬវិញ្ញាបនបត្រដែលបញ្ជាក់អំពីសិទ្ធិកាន់កាប់ និងកម្មសិទ្ធិលើដីធ្លី ដែលចេញដោយអាជ្ញាធរ ឬរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត–ក្រុង–រាជធានី។ បច្ចុប្បន្ន ប្លង់រឹងនៅកម្ពុជា មានសរុប ៥ ប្រភេទ ដូចខាងក្រោម៖
-
ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប្លង់រដ្ឋកម្ពុជា ឬប្លង់ស្លាបមាន់)
-
វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ
-
ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប្លង់ដាច់ដោយដុំ)
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬ ប័ណ្ណកម្មសិទ្ធិរួម (Strata Title)
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់អិលម៉ែប – L-Map)
១. ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប្លង់រដ្ឋកម្ពុជា ឬប្លង់ស្លាបមាន់)
ប្លង់ស្លាបមាន់ គឺជាប្លង់ដំបូងគេដែលរដ្ឋបានផ្តល់ឲ្យប្រជាពលរដ្ឋ ក្រោយសម័យសង្គ្រាម ស្របតាមសេចក្តីណែនាំអនុវត្តលេខ ០៣ សណន ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៨៩ ស្តីពីគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី។
ប្លង់នេះ ត្រូវបានចេញប្រើប្រាស់នៅចន្លោះឆ្នាំ ១៩៨៩ ដល់ ១៩៩៣ ដោយអាជ្ញាធរសុរិយោដីរដ្ឋកម្ពុជា ហើយនៅតែមានសុពលភាព អាចកាន់កាប់ ប្រើប្រាស់ ចាត់ចែង លក់ដូរ និងផ្ទេរកម្មសិទ្ធិបាន ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- ការកាត់ឈ្មោះ និងការផ្ទេរកម្មសិទ្ធិ
មុនពេលធ្វើការកាត់ឈ្មោះ ម្ចាស់ដីត្រូវយកប្លង់ស្លាបមាន់ទៅ ប្តូរជាប្លង់ប្រព័ន្ធ (L-Map) ជាមុនសិន។ បន្ទាប់ពីដាក់ពាក្យកាត់ឈ្មោះ ដីនឹងត្រូវចេញប្លង់ថ្មីជា ប្លង់ប្រព័ន្ធ (L-Map) មិនមែនប្លង់ស្លាបមាន់ទៀតទេ។ ការកាត់ឈ្មោះ ត្រូវធ្វើនៅ មន្ទីរសុរិយោដីថ្នាក់ខេត្ត ឬក្រុង។
- ការដាក់បញ្ចាំ ឬដាក់បន្ទុក
ប្លង់ស្លាបមាន់ អាចយកទៅដាក់បញ្ចាំ ឬដាក់បន្ទុកបានដោយស្របច្បាប់ ដូចជាប្លង់រឹងប្រភេទផ្សេងៗ។
២. វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ (ប្លង់សំណង់)
ប្លង់ប្រភេទនេះ ជាប្លង់បញ្ជាក់សិទ្ធិកាន់កាប់ ដែលភាគច្រើនត្រូវបានចេញប្រើប្រាស់នៅឆ្នាំ ១៩៩២។ ប្លង់នេះ មិនសូវឃើញមានការប្រើប្រាស់ទូលំទូលាយទេ ហើយភាគច្រើនចេញសម្រាប់ដីលំនៅដ្ឋានដែលមានសំណង់ និងមានច្រើនជាន់។ ទោះមានចំណងជើងស្រដៀងនឹងប្លង់ L-Map ក៏ដោយ ប៉ុន្តែប្លង់នេះមានលក្ខណៈខុសគ្នា ដោយវាគ្រាន់តែជាប័ណ្ណបញ្ជាក់សិទ្ធិកាន់កាប់ប៉ុណ្ណោះ។

៣. ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប្លង់ដាច់ដោយដុំ)
ប្លង់ដាច់ដោយដុំ គឺជាប្លង់ដែលចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ថ្នាក់ខេត្ត–ក្រុង–រាជធានី។ ប្លង់នេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ចាប់ពីឆ្នាំ ១៩៩៨ រហូតដល់បច្ចុប្បន្ន។ ប្លង់ប្រភេទនេះ កើតឡើងតាមការស្នើសុំផ្ទាល់ពីម្ចាស់កម្មសិទ្ធិឯកជន ហើយការចំណាយទាំងអស់ គឺជាបន្ទុករបស់ម្ចាស់ដីផ្ទាល់។
៤. វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន (ប័ណ្ណកម្មសិទ្ធិរួម)
ប្លង់កម្មសិទ្ធិរួម គឺជាប្លង់ថ្មីមួយ ដែលចាប់ផ្តើមប្រើប្រាស់នៅឆ្នាំ ២០១០។ ប្លង់នេះ បញ្ជាក់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជន សម្រាប់ម្ចាស់យូនីតនៅលើអគារសហកម្មសិទ្ធិ (Strata Title)។ ប្លង់ប្រភេទនេះ អនុញ្ញាតឲ្យជនបរទេសកាន់កាប់អចលនវត្ថុក្នុងប្រទេសកម្ពុជា ដោយស្របច្បាប់ លើកលែងតែជាន់ផ្ទាល់ដី។
៥. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់អិលម៉ែប – L-Map)
ប្លង់ L-Map គឺជាប្លង់កម្មសិទ្ធិពេញលេញ និងមានភាពរឹងមាំខ្ពស់ជាងប្លង់រឹងប្រភេទផ្សេងៗទាំងអស់។ ប្លង់នេះ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយជាប្លង់ទំនើប និងចុងក្រោយបំផុត។ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញប្លង់ L-Map ទម្រង់ថ្មី ដែលភ្ជាប់បច្ចេកវិទ្យា QR Code ដើម្បីជំនួសប្លង់កម្មសិទ្ធិចាស់ៗដែលបានចេញពីមុន។
សេចក្តីសន្និដ្ឋាន
សរុបមក ប្លង់រឹងដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានចំនួន ៥ ប្រភេទ ហើយប្លង់ទាំងអស់នេះ នៅតែមានសុពលភាពតាមច្បាប់។ សម្រាប់ប្លង់រឹងចាស់ៗ ប្រសិនបើមិនទាន់បានដូរទៅជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី នោះក៏នៅតែអាចប្រើប្រាស់បានជាធម្មតា។







