ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៦នេះ អ្នកអភិវឌ្ឍន៍ខុនដូ បានបង្វែរការអភិវឌ្ឍរបស់ខ្លួនពីការផ្គត់ផ្គង់ខុនដូតម្លៃខ្ពស់ និងមធ្យម ងាកមកអភិវឌ្ឍខុនដូដែលមានតម្លៃសមរម្យនៅលើទីផ្សារវិញ ដោយឃើញថាក្នុងរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះ ចំនួនយូនីតខុនដូតម្លៃសមរម្យមានកំណើនខ្ពស់ ។
យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន APS បានឱ្យឃើញថាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការផ្គត់ផ្គង់ខុនដូតម្លៃសមរម្យនៅលើទីផ្សារមានចំនួនរហូតដល់ជាង ១៤.១០០យូនីត ខណៈតម្លៃមធ្យមមានប្រមាណ ៤៤០០យូនីត និងតម្លៃខ្ពស់មានប្រមាណ ១៥០០យូនីតប៉ុណ្ណោះ ។ បើក្រឡេកទៅមើល៣ឆ្នាំមុន ចាប់ពី២០២០ ដល់ឆ្នាំ ២០២២ ខុនដូតម្លៃសមរម្យដែលបានចាក់បញ្ចូលក្នុងទីផ្សារមានតែ៨៥០០យូនីតប៉ុណ្ណោះ តម្លៃមធ្យមមាន៨៦០០យូនីត និងតម្លៃខ្ពស់មាន១៦០០យូនីត ។
ការសិក្សាស្រាវជ្រាវបានបង្ហាញថា ក្នុងពេលកំណើននៃការផ្គត់ផ្គង់ខុនដូសមរម្យកើនឡើងខ្ពស់ បានធ្វើឱ្យតម្លៃខុនដូប្រភេទនេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។ ទន្ទឹមនឹងនោះដែរ ខុនដូតម្លៃខ្ពស់ និងមធ្យមក៏ធ្លាក់ចុះដូចគ្នា ជាក់ស្ដែង ខុនដូតម្លៃសមរម្យបានធ្លាក់មកនៅត្រឹម ១២០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ តម្លៃមធ្យម មានតម្លៃក្នុងរង្វង់ ២១០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃខ្ពស់ ជាមធ្យមមានតម្លៃ២៧០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។ បើធៀបនឹងរយៈពេល៣ឆ្នាំមុន ពី២០២០ ដល់២០២២ ខុនដូតម្លៃសមរម្យមានតម្លៃជាមធ្យម ១៤០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ខុនដូតម្លៃមធ្យមជាមធ្យមានតម្លៃ ២២០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ និងខុនដូតម្លៃខ្ពស់ជាមធ្យមមានតម្លៃ ២៨០០ដុល្លារអាម៉េរិក ។
កញ្ញាសុខ ហេងពេជ្រមុនី្ន អ្នកគ្រប់គ្រងសេវាកម្មផ្នែកលក់រាយ នៃក្រុមហ៊ុនAPS បានឱ្យដឹងថា ការផ្គត់ផ្គង់លើសតម្រូវការធ្វើឱ្យតម្លៃមានការធ្លាក់ចុះជាងមុន ។ វាមិនមែនតែខុនដូទេ ដែលធ្លាក់ថ្លៃនៅពេលមានការផ្គត់ផ្គង់ច្រើន ហើយតម្រូវការនៅដដែលឬតិចជាងមុន ជាក់ស្ដែងផ្សារទំនើបក៏ដូច្នោះដែរ ។ ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ផ្សារទំនើបជាច្រើនបានបិទទ្វារ ដោយសារតែមានការប្រកួតប្រជែងខ្ពស់ ។ផ្សារទំនើបថ្មីៗដែលទើបបើកដំណើរការក្រោយៗ មានយុទ្ធសាស្ត្រថ្មីបានធ្វើឱ្យផ្សារទំនើបមុនៗ ត្រូវបិទទ្វារព្រោះតែអត់មានអតិថិជន ។
កញ្ញាបន្តថាក្នុងពេលតម្រូវការតិចជាងការផ្គត់ផ្គង់ នឹងធ្វើឱ្យអចលនទ្រព្យនៅសល់ទំនេរច្រើន ដូច្នេះ ក្នុងនាមជាអ្នកប្រឹក្សា និងអ្នកធ្វើការក្នុងវិស័យអចលនទ្រព្យកញ្ញាលើកទឹកចិត្តឱ្យម្ចាស់អចលនទ្រព្យគួរតែច្នៃប្រឌិតឱ្យទ្រព្យដែលនៅទំនេរនោះអាចរកចំណូលត្រលប់មកវិញ ដូចរៀបចំធ្វើជាការិយាល័យសម្រាប់ជួល ឬក៏ជាអាផាតមិនដែលមានតម្លៃទាបជាងទីផ្សារ ជាដើម ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ថា ក្នុងរយៈប៉ុន្មានឆ្នាំមុន វិនិយោគិនចិន បានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាច្រើន ហើយគម្រោងរបស់ពូកគាត់ជាគម្រោងធំៗ ដោយគម្រោងមួយៗ មានច្រើនអគារ ។ ប៉ុន្តែសម្រាប់ជនបរទេសផ្សេងៗទៀត ដូចជាកូរ៉េខាងត្បូងចូលមកកម្ពុជាមានការធ្លាក់ចុះ ដូច្នេះការវិនិយោគរបស់ចិន មិនអាចផ្គត់ផ្គង់បានអស់សម្រាប់តម្រូវលើទីផ្សារទេ ។ ម្យ៉ាងវិញទៀត ពរលដ្ឋខ្មែរក្នុងស្រុកក៏មិនទាន់មានតម្រូវការទៅលើខុនដូប៉ុន្មានដែរ ដូច្នេះហើយទើបមើលឃើញថាតម្រូវការខុនដូមានតិចជាងតម្រូវការ ។
គួរបញ្ជាក់ថា សម្រាប់ទីផ្សារខុនដូតម្លៃខ្ពស់ និងមធ្យម នៅតែមានតម្រូវការសម្រាប់ជនបរទេស ដូច្នេះហើយ អ្នកអភិវឌ្ឍន៍ដែលមានហិរញ្ញវត្ថុរឹងមាំ នៅតែបន្តអភិវឌ្ឍខុនដូ ដោយផ្ដោតលើបរទេស ដូចជាជប៉ុន ចិន កូរ៉េ និងជនបរទេសមកពីតំបន់ អាស៊ីអាគ្នេយ៍ និងតំបន់អឺរ៉ុបជាដើម ៕
