ភ្នំពេញ ៖ បឹងកេងកង ត្រូវបានគេស្គាល់ថាជាតំបន់មានសក្ដានុពលខ្ពស់បំផុតក្នុងចំណោមតំបន់នានាទូទាំងរាជធានីភ្នំពេញ ជាពិសេសតំបន់បឹងកេងកងទី១ ។ តំបន់នេះ សំបូរទៅដោយអគារខុនដូ អាផាត់មិន និងការិយាល័យ ហើយបានធ្វើឱ្យតំបន់មួយនេះ ក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពល ។ ថ្ងៃនេះ ពី Camrealty នឹងលើកយកគម្រោងខុនដូសំខាន់ៗដែលលេចធ្លោនៅក្នុងបឹងកេងកង១ មកចែកជូនប្រិយមិត្តអ្នកអានឱ្យបានជ្រាប ។
- Time Square 5 ៖ គម្រោងTime Square 5 ត្រូវបានគេស្គាល់ជាផ្លូវការជាគម្រោង Time Square 306 ។ វាជាគម្រោងខុនដូ ទំនើបកម្ពស់ខ្ពស់មួយស្ថិតនៅតំបន់បឹងកេងកង១ ដែលជាតំបន់ពាណិជ្ជកម្ម និងលំនៅឋានកម្រិតខ្ពស់នៅរាជធានីភ្នំពេញ ។ អគារនេះមានកម្ពស់៤៥ជាន់ និងចំនួនយូនីតសរុប ៣៥០យូនីត មាន ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេង។ គម្រោងនេះ អភិវឌ្ឍន៍ដោយក្រុមហ៊ុនMegakim World Corp.Ltd ជាក្រុមហ៊ុនដែលមានបទពិសោធន៍ច្រើនលើការអភិវឌ្ឍខុនដូ ជាពិសេសខុនដូត្រកូល Time Square ។ គម្រោងនេះដែរបានសាងសង់រួចរាល់ និងបានប្រគល់សោជូនអតិថិជនតាំងពីចុងឆ្នាំ ២០២៤ម្ល៉េះ ដោយបច្ចុប្បន្ននេះ មានមនុស្សរស់នៅយ៉ាងច្រើននៅក្នុងអគារ ប៉ុន្តែក៏មានយូនីតជាច្រើនទៀតកំពុងដាក់ជួល និងលក់បន្ត ។
- គម្រោង J-Tower 2 ៖ គម្រោងអគារខុនដូ J-Tower 2 ជាគម្រោងអគារខុនដូកម្រិតផ្លាទីនឹម ដោយផ្ដោតលើគុណភាពនៃការរស់នៅតាមស្តង់ដារជប៉ុន ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅតំបន់បឹងកេងកង១ ។ គម្រោងនេះ អភិវឌ្ឍដោយក្រុមហ៊ុន Tanichu Assetment Co.,Ltd របស់ជប៉ុន ។ អគារនេះ មានកម្ពស់សរុប៤៣ជាន់ និងមានចំនួនយូនីតសរុបចំនួន២២៨យូនីត មានប្រភេទយូនីត ២បន្ទប់គេង និង៣បន្ទប់គេង ។ គម្រោងនេះ បានសាងសង់រួចរាល់ជាស្ថាពរ និងបានប្រគល់សោជូនអតិថិជនតាំងពីឆ្នាំ ២០២២ ដោយបច្ចុប្បន្ននេះ មានអ្នករស់នៅយ៉ាងច្រើនកុះករ ។
- គម្រោង Picasso City Garden ៖ Picasso City Garden គឺជាអគារខុនដូប្រណីតកម្រិតលំដាប់កំពូលមួយនៅតំបន់បឹងកេងកង១ អភិវឌ្ឍន៍ដោយក្រុមហ៊ុន Global Titanium Development ។អគារនេះ មានកម្ពស់២៧ជាន់ និងមាន១៤៥យូនីត ដោយមានប្រភេទយូនីត ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេង ។គម្រោងនេះបានសាងសង់រួចរាល់និងបានប្រគល់ផ្ទះជូនអតិថិជនរួចរាល់កាលពីអំឡុងឆ្នាំ ២០២២ ។
- គម្រោង Le Conde BKK1 ៖ គម្រោងអគារនេះ គឺជាគម្រោងខុនដូប្រណីតកម្ពស់ខ្ពស់កម្រិត Smart House ដំបូងគេបង្អស់នៅតំបន់បឹងកេងកង១ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Wangbo Investment Inc ។ អគារនេះ មានកម្ពស់៤៣ជាន់ និងមានចំនួនយូនីតរហូតដល់ ១ ០៨០យូនីត ដោយមានប្រភេទ ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេង ។ បច្ចុប្បន្ននេះ អគារ Le Conde BKK1 បានសាងសង់រួចរាល់ទាំងស្រុង និងបើកដំណើរការរស់នៅជាផ្លូវការ ដោយមានអ្នកចូលរស់នៅ និងមានទីផ្សារជួល/លក់បន្តយ៉ាងសកម្ម ។
- គម្រោង UC Residence ជាគម្រោងអគារពាណិជ្ជកម្ម និងខុនដូប្រណីតកម្ពស់ខ្ពស់មួយនៅតំបន់បឹងកេងកង១ ដែលត្រូវបានគ្រប់គ្រង និងប្រតិបត្តិការក្រោមម៉ាកសញ្ញាសណ្ឋាគារអន្តរជាតិ Wyndham Garden ។ គម្រោងអគារនេះ មានកម្ពស់៤៥ជាន់ ដែលសង់ឡើងជាប្រភេទ ខុនដូ សណ្ឋាគារ សេវាកម្មអាផាត់មិន ការិយាល័យ និងតំបន់ពាណិជ្ជកម្ម ។ដោយសារតែអគារនេះជាអគារពហុមុខងារ ដូច្នេះអ្នកអភិវឌ្ឍបានបែងចែងជាន់នីមួយៗផ្សេងគ្នា ដូចជាពីជាន់ក្រោមដី ដល់ជាន់ទី៩ គឺជាចំណតរថយន្ត ពីជាន់ទី១០ ដល់២៨ ជាខុនដូសម្រាប់រស់នៅ ពីជាន់ទី២៩ ដល់៤២ជាបន្ទប់សណ្ឋាគារប្រណីត និងអាផាតមិន ហើយនៅជាន់លើទៀត ជាតំបន់កម្សាន្ត ដូចជាSky Bar ជាដើម ។ គម្រោងនេះបានបញ្ចប់ការសាងសង់ទាំងស្រុង និងបើកដំណើរការតាំងពីដើមឆ្នាំ ២០២៤ ដោយបច្ចុប្បន្នអគារមួយនេះ បាននិងកំពុងបើកដំណើរការទទួលភ្ញៀវសម្រាប់សណ្ឋាគារ ព្រមទាំងមានអ្នកចូលរស់នៅក្នុងខុនដូយ៉ាងច្រើនផងដែរ ។
គួរបញ្ជាក់ថា ក្រៅពីគម្រោងអគារខុនដូដែលបានរៀបរាប់ខាងលើនេះ នៅតំបន់បឹងកេងកង១ ក៏មានអគារខុនដូជាច្រើនទៀត បាននិងកំពុងសាងសង់ និងកំពុងដាក់ដំណើរការទទួលភ្ញៀវច្រើនផងដែរ បានធ្វើឱ្យតំបន់បឹងកេងកងកាន់តែមានសក្ដានុពល និងមានមនុស្សរស់នៅយ៉ាងច្រើនកុះករ ៕
