ភ្នំពេញ ៖ ពន្ធក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានច្រើនប្រភេទ ប៉ុន្តែថ្ងៃនេះ Cam Realty នឹងលើកយកប្រភេទនៃអចលនទ្រព្យសំខាន់ៗ ចំនួន៥ មកលម្អិតជូនប្រិយមិត្តអ្នកអាន ដើម្បីស្វែងយល់ជាគន្លឹះខ្លះៗ ។ ក្នុងប្រភេទពន្ធអចលនទ្រព្យទាំងនោះរួមមានពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ពន្ធលើប្រាក់ឈ្នួលអចលនទ្រព្យ ពន្ធលើដីមិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលពន្ធ ។
១. ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ៖ ពន្ធនេះ ជាប្រភេទពន្ធដែលត្រូវបង់ប្រចាំឆ្នាំ ក្នុងអត្រា០,១% ។ វា ត្រូវបានអនុវត្តចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី១០០លានរៀល ឬស្មើនឹងប្រមាណ២ម៉ឺន៥ពាន់ដុល្លារអាម៉េរិក ហើយតម្លៃសម្រាប់គណនាពន្ធ ត្រូវបានកំណត់ដោយរដ្ឋបាលសារពើពន្ធ មិនមែនជាតម្លៃទិញលក់លើទីផ្សារជាក់ស្ដែងឡើយ ។
បើតាមរូបមន្តនៃការយកពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ គឺគេយក៨០%នៃតម្លៃអចលនទ្រព្យដែលបានវាយតម្លៃ រួចដក១០០លានរៀលមុនគុណនឹងអត្រាពន្ធ ០,១% ។ ឧទាហរណ៍ថា ផ្ទះមួយល្វែង មានតម្លៃ២០០លានរៀលឬប្រមាណ៥ម៉ឺនដុល្លារអាម៉េរិក ដូច្នេះរូបមន្តគិតពន្ធគឺ( 50,000$ x 80% -25,000 )x 0,1% = 15$ ។ មានន័យថាបើការវាយតម្លៃផ្ទះមួយល្វែងនោះស្មើនឹង៥ម៉ឺនដុល្លារ ដូច្នេះការបង់ពន្ធអចលនទ្រព្យមួយឆ្នាំ ១៥ដុល្លារ ។
២. ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ៖ ពន្ធប្រភេទនេះ គឺត្រូវបង់ពេលមានការទិញលក់ផ្ទេរកម្មសិទ្ធិពីម្ចាស់មួយទៅម្ចាស់មួយ ដែលមានអត្រា៤%នៃតម្លៃអចលនទ្រព្យ ។ ប៉ុន្តែពន្ធនេះត្រូវបានលើកលែងចំពោះការផ្ទេរកម្មសិទ្ធិក្នុងរង្វង់សាច់ញាតិ ដូចជាពីឪពុកម្ដាយទៅកូន ពីយាយតាទៅចៅ និងមានការលើកលែងទៅតាមលក្ខខណ្ឌរបស់រដ្ឋាភិបាល ។
៣.ពន្ធលើប្រាក់ឈ្នួលអចលនទ្រព្យ ៖ ពន្ធនេះ ត្រូវបានគិតក្នុងអត្រា ១០% ហើយអ្នកដែលមានកាតព្វកិច្ចបង់ពន្ធប្រភេទនេះ គឺម្ចាស់អចលនទ្រព្យ ឬក៏អ្នកដែលជួលអចលនទ្រព្យនោះឱ្យគេ ជាក់ស្ដែងម្ចាស់ផ្ទះម្នាក់ បានជួលផ្ទះពាណិជ្ជកម្មមួយល្វែងទៅពាណិជ្ជករម្នាក់ក្នុងតម្លៃ ១០០០ដុល្លារក្នុងមួយខែ ដូច្នេះម្ចាស់ផ្ទះនោះ ត្រូវបង់ពន្ធលើប្រាក់ឈ្នួលអចលនទ្រព្យ១០% ឬស្មើនឹងចំនួន១០០ដុល្លារ ។
៤. ពន្ធលើដីធ្លីមិនបានប្រើងប្រាស់ ៖ ពន្ធលើដីមិនបានប្រើប្រាស់ ត្រូវកំណត់ទៅលើដីតាមតំបន់ទីក្រុង ឬតំបន់មួយចំនួន ហើយយកពន្ធតែលើដីទាំងឡាយណាដែលមិនប្រើប្រាស់ ទុកទំនេរចោល ។ ការយកពន្ធនេះ គឺចង់ជំរុញឱ្យម្ចាស់ដីប្រើប្រាស់ឱ្យអស់លទ្ធភាព ទប់ស្កាត់ការទិញដីទុកចោល ដោយអត្រាគិតពន្ធគឺ ២% ប៉ុន្តែគ្រប់ដីទំនេរមិនមែនសុទ្ធតែបង់ពន្ធទេ ដូចជាដីដែលមានទំហំតូចជាងមាត្រដ្ឋានកំណត់ ប្រភេទដីកសិកម្ម ដីសវនកម្ម ឬដីរដ្ឋ ដីក្នុងតំបន់សេដ្ឋកិច្ចពិសេស មិនត្រូវគិតពន្ធឡើយ ។
៥. ពន្ធលើចំណេញមូលធនពីអចលនទ្រព្យ ៖ ពន្ធប្រភេទនេះ គឺអនុវត្តន៍ចំពោះអចលនទ្រព្យទាំងឡាយដែលចំណេញប៉ុណ្ណោះ ចំពោះការលក់អចលនទ្រព្យខាត រដ្ឋមិនយកពន្ធប្រភេទនេះឡើយ ។ ពន្ធនេះ ត្រូវគិតក្នុងអត្រា ២០%នៃប្រាក់ចំណេញ ។ សម្រាប់ថ្លៃដើមនៃអចលនទ្រព្យ ត្រូវបានបូកបញ្ចូលទាំងថ្លៃទិញអចលនទ្រព្យ ថ្លៃថែទាំ ថ្លៃជួសជុល និងការចំណាយផ្សេងៗទៅលើអចលនទ្រព្យនោះ មុននឹងបញ្ចេញលក់ទៅវិញ ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវបានឯកសារបញ្ជាក់ច្បាស់ថា ពិតជាបានចំណាយទៅលើអចលនទ្រព្យនោះពិតប្រាកដ ។
ឧទាហរណ៍ថា ម្ចាស់ដីមួយកន្លែងបានទិញដីក្នុងតម្លៃ ១០ម៉ឺនដុល្លារអាម៉េរិក ហើយលក់វិញ១២ម៉ឺនដុល្លារហើយបានចំណាយនានាដែលមានឯកសារត្រឹមត្រូវ អស់ចំនួន១ម៉ឺនដុល្លារ ដូច្នេះដើម្បីគិតពន្ធលើចំណេញមូលធន គឺ ថ្លៃលក់-(តម្លៃទិញ+ចំណាយដែលមានឯកសារ ) , ១២០.០០០-(១០០.០០០+១០.០០០) =១០.០០០ដុល្លារ ។ ដូច្នេះ ប្រាក់ពន្ធដែលត្រូវបង់គឺ ១០.០០០ x ២០% = ២.០០០ដុល្លារអាម៉េរិក ៕

