ភ្នំពេញ ៖ ជាការកត់សម្គាល់ ក្នុងឆ្នាំ ២០២៦នេះ ចំនួនអចលនទ្រព្យដែលបានដាក់លក់ឡៃឡុងនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញមានចំនួនច្រើន ដែលជាឱកាសសម្រាប់អ្នកមានលុយក្នុងការទិញទុកចំណេញនៅពេលឡើងថ្លៃ ឬទុកសម្រាប់ប្រើប្រាស់ ដោយអាចជ្រើសរើសទីតាំងល្អៗបានផងដែរ ។
អ្នកជំនាញអចលនទ្រព្យបានបញ្ជាក់ថា ការបញ្ចេញលក់អចលនទ្រព្យឡៃឡុង ដោយសារតែម្ចាស់អចលនទ្រព្យទាំងនោះភាគច្រើនជួបវិបត្តិហិរញ្ញវត្ថុ ហើយអចលនទ្រព្យមួយចំនួនត្រូវបានម្ចាស់ប្រើប្រាស់ជាទ្រព្យធានាដើម្បីយកកម្ចីឥណទានពីធនាគារមកប្រើប្រាស់ ដូច្នេះនៅពេលដែលស្ថានភាពសេដ្ឋកិច្ចមានបញ្ហាបានបង្ខំឱ្យម្ចាស់អចលនទ្រព្យត្រូវលក់ឡៃឡុងទ្រព្យរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ ។
លោកចេង វុទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ INVA Real Estate And Valuation បានមានប្រសាសន៍ថា ជាការកត់សម្គាល់ អចលនទ្រព្យដែលបានដាក់លក់ឡៃឡុងនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ភាគច្រើនជាទ្រព្យដែលធានាសម្រាប់យកកម្ចីពីធនាគារឬមីក្រូហិរញ្ញវត្ថុមកប្រើប្រាស់ ហើយនៅពេលដែលម្ចាស់ទ្រព្យអស់លទ្ធភាពក្នុងការបង់សងត្រលប់ ម្ចាស់អចលនទ្រព្យនិងធនាគារពិភាក្សាគ្នាដាក់ដើម្បីទូទាត់ ។
លោកបន្តថា ការដាក់លក់អចលនទ្រព្យឡៃឡុងនេះ ជាទូទៅគឺមានតម្លៃទាបជាងអចលនទ្រព្យនៅលើទីផ្សារជាក់ស្ដែង ដែលអាចធ្វើឱ្យអ្នកដែលមានលុយគ្រប់គ្រាន់មានឱកាសក្នុងការជ្រើសរើសទ្រព្យដែលល្អ ទីតាំងល្អ និងមានអាទិភាពក្នុងការចរចាបន្តទៀតជាមួយម្ចាស់ទ្រព្យ ។
លោកស្រីអាន សុធីតា នាយិកា ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៦នេះ ពិតជាមានអចលនទ្រព្យដាក់លក់ឡៃឡុងច្រើនមែនជាពិសេសលំនៅឋាន ហើយបើទោះបីជាអចលនទ្រព្យជាច្រើនបានដាក់លក់ឡៃឡុងពិត ក៏នៅតែរកម្ចាស់ថ្មីមិនបាន ព្រោះតែអចលនទ្រព្យដែលបានដាក់ឡៃឡុងទាំងនោះ មិនត្រូវនឹងតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋ ប៉ុន្តែសម្រាប់អ្នកមានលុយគ្រប់គ្រាន់ អាចទិញទុករកប្រាក់ចំណែកឬទុកជួលយកប្រាក់កម្រៃប្រចាំខែឬប្រចាំឆ្នាំ ហើយនិងអាចរកទីតាំងបានល្អៗផងដែរ ។
លោកស្រីបន្តថា សម្រាប់តម្លៃអចលនទ្រព្យនៅលើទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ២០២៦នេះ បើធៀបនឹងឆ្នាំ ២០២៥ ឬ២០២៤មិនមានការប្រែប្រួលខ្លាំងនោះទេ ប៉ុន្តែបើសិនជាធៀបជាមួយនឹងឆ្នាំ២០១៩ គឺក្នុងពេលដែលទីផ្សារអចលនទ្រព្យបានហក់ឡើងខ្លាំង តម្លៃអចលនទ្រព្យពេលនេះ បានធ្លាក់ចុះប្រមាណ២០% ៣០% ហើយក្នុងនោះក៏មានអចលនទ្រព្យខ្លះធ្លាក់ចុះរហូតដល់៤០%ដែរ ៕
ចេញផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦

