ភ្នំពេញ ៖ ទោះបីជាកម្ពុជាបានជួបប្រទះនឹងបញ្ហាពហុវិបត្តិយ៉ាងណាក្ដី តែកម្ពុជានៅតែទទួលបានការវិនិយោគលើវិស័យអចលនទ្រព្យជាបន្តបន្ទាប់ជាពិសេសវិស័យសំណង់ ជាក់ស្ដែងយោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថាក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ ក្នុងដែនសមត្ថកិច្ចរាជធានី មានគម្រោងវិនិយោគលើសំណង់អគារខ្ពស់ចាប់ពី៥ជាន់ឡើងទៅចំនួន៨៩គម្រោង ។
តាមរបាយការណ៍របស់លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ឱ្យដឹងថា ក្នុងចំណោមសំណង់អគារខ្ពស់ទាំង ៨៩គម្រោងនោះ ត្រូវបែងចែកទៅតាមជាន់នីមួយៗ ដូចជាសំណង់អគារខ្ពស់ចាប់ពី៥ជាន់ដល់៩ជាន់មានចំនួន ៦៥គម្រោង, សំណង់អគារខ្ពស់ចាប់ពី១០ជាន់ ដល់១៩ជាន់មានចំនួន១៦គម្រោង , អគារខ្ពស់ចាប់ពី២០ដល់ ២៩ជាន់ មានចំនួន៥គម្រោង អគារខ្ពស់ចាប់ពី៣០ជាន់ដល់៣៩ជាន់មានចំនួន២គម្រោង និងអគារខ្ពស់ចាប់ពីកម្ពស់៤០ជាន់ឡើងទៅមានចំនួន ១គម្រោង ។
បើតាមអ្នកឧកញ៉ាសំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសម្ព័ន្ធ SAM SN បានមានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះមានមតិជាច្រើនបានព្យាករថា វិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ ២០២៧ នឹងកាន់តែលំបាក ។ សម្រាប់លោកក៏មិនហ៊ានព្យាករណ៍ថាវាយ៉ាងម៉េចដែរ ប៉ុន្តែអ្វីដែលលោកសង្កេតឃើញនៅពេលបច្ចុប្បន្នេះគឺថា សេដ្ឋីពិភពលោកជាច្រើន និងអ្នកមានធំៗជាច្រើន នៅតែបន្តរកស៊ី ឬរក្សាចំណែកវិនិយោគក្នុងវិស័យអចលនទ្រព្យ បច្ចេកវិទ្យា និងសំណង់ដដែល ។
បើតាមរបាយការណ៍របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបង្ហាញផងដែរថា ក្នុងឆ្នាំ២០២៦នេះ បើគិតត្រឹមដំណាច់ខែកញ្ញា ២០២៦ មន្ទីររៀបចំដែនដី បានចេញលិខិតអនុញ្ញាតលើគម្រោងសំណង់ចំនួន៥១២គម្រោង ក្នុងនោះគម្រោងសំណង់ដែលមានផ្ទៃក្រឡាក្រោម៥០០ម៉ែត្រការ៉េមានចំនួន២២៥គម្រោង គម្រោងសំណង់ដែលមានផ្ទៃក្រោម៣០០០ម៉ែត្រការ៉េមានចំនួន១៦៩គម្រោង និងគម្រោងដែលមានផ្ទៃក្រឡាលើសពី៣០០០ម៉ែត្រការ៉េមានចំនួន១១៨គម្រោង ។ ដោយឡែកសម្រាប់គម្រោងដែលស្នើសុំបើកការដ្ឋានសាងសង់មានចំនួន ៣៥៧គម្រោង ។
តាមរយៈរបាយការណ៍ទាំងនេះ បានបង្ហាញថា ក្នុងឆ្នាំ២០២៦នេះ បើទោះបីជាសេដ្ឋកិច្ចពិភពលោកក៏ដូចជាសេដ្ឋកិច្ចក្នុងប្រទេសបានជួបបញ្ហាពីពហុវិបត្តិយ៉ាងណាក៏ដោយ ក៏សកម្មភាពវិនិយោគលើសំណង់ និងអចលនទ្រព្យនៅតែបន្ត ៕
ចេញផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦

