ភ្នំពេញ ៖ ការធ្លាក់ចុះនៃចំនួនជនបរទេសចូលមកកម្ពុជា ក្នុងឆ្នាំ២០២៦នេះ ក៏ដូចជាបញ្ហាមួយចំនួនទៀត បានធ្វើឱ្យតម្រូវការនៃការប្រើប្រាស់អគារអាផាតមិននៅក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអគារអាផាតមិន ទំនេរមានការកើនឡើង ។ នេះបើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។
យោងតាមស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ Cam Realty បានឱ្យឃើញថា អគារអាផាតមិនខ្លះ ពីមុនធ្លាប់តែមានភ្ញៀវចូលនៅពេញលើសពី៩០ភាគរយនៃSpace ដែលមាន ប៉ុន្តែបច្ចុប្បន្ន អគារខ្លះបានធ្លាក់ចុះមកនៅត្រឹមតែ ៥០ភាគរយ ឬក្រោមពាក់កណ្ដាលនៃ Space ដែលមាន ។ ប៉ុន្តែសម្រាប់អគារដែលមានការគ្រប់គ្រង និងថែទាំបានល្អ នៅតែរក្សាបានអត្រានៃការជួលខ្ពស់ដដែល ។ ម្ចាស់អគារខ្លះទៀត បានកែប្រែតម្លៃជួលជាថ្មីដោយទម្លាក់តម្លៃទាបជាង ស្របទៅទាមទីផ្សារជាក់ស្ដែង និងមានកិច្ចសហការជិតស្និទ្ធជាមួយភ្នាក់ងារអចលនទ្រព្យដែលជំនាញច្បាស់លាស់ ។
ជាទស្សនរបស់ក្រុមហ៊ុនCam Realty ឱ្យដឹងថា ម្ចាស់អគារអាផាតមិន មិនគួរទុកទ្រព្យរបស់ខ្លួនចោលដោយមិនជួលចេញនោះទេ ។ ការដែលទុកចោលដោយមិនជួលចេញនេះ នឹងធ្វើឱ្យម្ចាស់ទ្រព្យ ត្រូវខាតបង់៤យ៉ាងក្នុងពេលតែមួយ ។ ទី១ ខាតចំណូល ៖ ក្នុងពេលដែលទ្រព្យនោះមិនមានការជួលអ្វីទាំងអស់ ម្ចាស់ទ្រព្យនឹងបាត់បង់ចំណូលប្រចាំខែ ទី២. ខាតថ្លៃចំណាយ ៖ បើទោះបីជាអគារនោះមិនជួលចេញក៏ដោយ ក៏ម្ចាស់អគារត្រូវការជួលសន្តិសុខ ដើម្បីយាមអគារ ដូច្នេះម្ចាស់ទ្រព្យត្រូវបង់ថ្លៃការពារទៅសន្តិសុខប្រចាំខែ ទី៣ ហានិភ័យគ្រោះថ្នាក់ ៖ នៅពេលអគារទាំងមូលមិនមានប្រតិបត្តិការ វាមានហានិភ័យខ្ពស់លើអគ្គិភ័យ និងការបែកបាក់ដោយគ្មានអ្នកមើលថែនិងគ្មានអ្នកដឹង ទី៤ ៖ ខាតបង់លើការជួលជុលឧបករណ៍បំពាក់ក្នុងអគារ ៖ នៅក្នុងអគារតែងមានបំពាក់ឧបករណ៍ជាច្រើនដូចជាគ្រឿងអេឡិចត្រូនិក និងសម្ភារៈមួយចំនួនទៀត ហើយសម្ភារៈទាំងនោះងាយនឹងឆាប់ខូច បើសិនជាមិនមានការប្រើប្រាស់ ។ ដូច្នេះម្ចាស់ទ្រព្យដែលឈ្លាសវៃ តែងជ្រើសរើសទទួលយកថ្លៃឈ្នួលតាមតម្លៃទីផ្សារបច្ចុប្បន្ន ប្រសើរជាងទុកទ្រព្យចោលឱ្យខាតបង់ជារៀងរាល់ថ្ងៃ ។
លោកជា គឹមសៀ នាយកផ្នែកស្រាវជ្រាវ និងប្រឹក្សា នៃក្រុមហ៊ុន APS បានឱ្យដឹងថា តាមទិន្នន័យរបស់ទីផ្សារដែលស្រាវជ្រាវដោយក្រុមហ៊ុន APS បានឱ្យឃើញថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦នេះ អត្រាកាន់កាប់ ជាមធ្យមមរបស់អាផាតមិនកម្រិត A និង B (Grade A & B ) មានប្រមាណ៦៤,៩ភាគរយ ។ ក្នុងន័យនេះ អត្រាទំនេរនៃអគារអាផាតមិនទាំងពីរកម្រិតមានប្រមាណ៣៥,១ភាគរយ ដែលអាត្រានេះចាត់ទុកជាថា ជាកម្រិតមធ្យមដែលមិនទាន់ជាស្ថានភាពអវិជ្ជមានខ្លាំ ងប៉ុន្តែក៏មិនទាន់ជាកម្រិតខ្ពស់ដែលបង្ហាញពីទីផ្សារមានតម្រូវការខ្លាំងដែរ ។
បើតាមលោកគឹមសៀថា សម្រាប់អាផាតមិនកម្រិតC ស្ថានភាពអាចមានសម្ពាធខ្លាំងជាងនេះ ជាពិសេសបន្ទាប់ពីការបង្ក្រាប និងការបិទទីតាំងដែលពាក់ព័ន្ធនឹង Online Scam Centers ។ ការកាត់បន្ថយតម្រូវការពីប្រភពនេះ បានធ្វើឱ្យម្ចាស់អាផាតមិនមួយចំនួនត្រូវប្រឈមនឹងបញ្ហាអត្រាកាន់កាប់ធ្លាក់ចុះ អត្រាទំនេរកើនឡើង ។ ក្នុងស្ថានភាពបែបនេះ ម្ចាស់អាផាតមិនអាចពិចារណាលើវិធីសាស្ត្រមួយចំនួនជាពិសេស ការកែសម្រួលតម្លៃជួល។
របាយការណ៍របស់ APS ឱ្យដឹងថា សម្រាប់ Grade C ដែលមានទីតាំង និងសេវាកម្មកម្រិតមធ្យម តម្លៃជួលគួរតែស្ថិតក្នុងកម្រិតដែលអាចទាក់ទាញអ្នកជួលបាន។ ជាក់ស្តែង តម្លៃប្រហែល US$10/ម៉ែត្រការ៉េ/ខែ ឬទាបជាងនេះ អាចមានភាពប្រកួតប្រជែងជាង ដោយសារអ្នកជួលក្នុង Segment នេះភាគច្រើនមានថវិកាកំណត់ ហើយជាទូទៅស្វែងរកបន្ទប់ដែលមានតម្លៃប្រហែល US$300/ខែ ឬទាបជាងនេះ ៕
អត្ថបទចេញផ្សាយថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦
