ភ្នំពេញ ៖ ខណ្ឌបឹងកេងកងត្រូវបានចាត់ទុកជាខណ្ឌដែលមានតម្លៃដីធ្លីខ្ពស់ជាងគេនៅរាជធានីភ្នំពេញ ដែលកាលពីប៉ុន្មានឆ្នាំមុននេះ ដីធ្លីនៅតំបន់មួយចំនួនក្នុងខណ្ឌនេះ អាចមានតម្លៃលើស១ម៉ឺនដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក្នុងឆមាសទី១ឆ្នាំ ២០២៦ដីធ្លីនៅតំបននេះបានធ្លាក់ចុះគួរកត់សម្គាល់ ។
បើតាមការសិក្សាវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ កម្ពុជាបានបង្ហាញឱ្យឃើញថាដីធ្លីនៅតំបន់បឹងកេងកង ដែលធ្លាប់មានតម្លៃរហូតដល់ជាង១ម៉ឺនដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ តែក្នុងឆមាសទី១ឆ្នាំ ២០២៦នេះ វាមានតម្លៃខ្ពស់បំផុតត្រឹមតែ៧៨០០ដុល្លារអាម៉េរិកប៉ុណ្ណោះក្នុងមួយមែត្រការ៉េ ។
បើតាមសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យឃើញថា នៅសង្កាត់បឹងកេងកង១ ដីធ្លីនៅតាមបណ្ដោយផ្លូវធំៗ មានតម្លៃចន្លោះពី ៤១០០ដុល្លារដល់៧៨០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េនិងដីដែលស្ថិតនៅជាប់ផ្លូវតូចៗមានតម្លៃចន្លោះពី៣៧០០ដុល្លារដល់ ៤៥០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។ សង្កាត់បឹងកេងកង២ និងបឹងកេងកង៣ ដីនៅជាប់ផ្លូវធំៗមានតម្លៃចន្លោះពី៣៧០០ដុល្លារ ដល់៥៦០០ដុល្លារ និងជាប់ផ្លូវតូចមានតម្លៃចន្លោះពី២០០០ដុល្លារដល់៣៥០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។

តម្លៃ_ដីធ្លីនៅខណ្ឌបឹងកេងកង _បន្តធ្លាក់_ចុះមួយកម្រិតទៀត__ក្នុងឆមាសទី១ឆ្នាំ ២០២៦_នេះ
ដោយឡែកនៅសង្កាត់អូឡាំពិកវិញ ដីស្ថិតនៅតាមបណ្ដោយផ្លូវធំៗ អាចមានតម្លៃចន្លោះពី ៣៨០០ដុល្លារ ដល់ ៦៦០០ដុល្លារ និងស្ថិតនៅជាប់ផ្លូវតូចៗ មានតម្លៃចន្លោះពី២០០០ដុល្លារ ដល់ ៣៩០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។ សង្កាត់តំនប់ទឹក មាតម្លៃចន្លោះពី២៥០០ដុល្លារដល់ ៥២០០ដុល្លារអាម៉េរិក សម្រាប់ទីតាំងដីដែលស្ថិតនៅជាប់ផ្លូវធំ និងចន្លោះពី២០០០ដុល្លារដល់ ៣៦០០ដុល្លារសម្រាប់ទីតាំងដីដែលនៅជាប់ផ្លូវតូចៗ ។ សង្កាត់ទួលស្វាយព្រៃទី១ មានតម្លៃចន្លោះពី៣៤០០ដុល្លារដល់៦២០០ដុល្លារ សម្រាប់ដីដែលស្ថិតនៅតាមបណ្ដោយផ្លូវធំៗ និងចន្លោះពី២០០០ដុល្លារដល់ ៣៦០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងដីដែលស្ថិតនៅតាមបណ្ដោយផ្លូវតូចៗ ។ ចំពោះសង្កាត់ទួលស្វាយព្រៃទី២ ដីធ្លីដែលស្ថិតនៅតាមបណ្ដោយផ្លូវធំៗ មានតម្លៃចន្លោះពី៣២០០ដុល្លារដល់៥៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចម្លោះពី២០០០ដុល្លារដល់ ៣៤០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីដែលស្ថិតជាប់ផ្លូវតូចៗ ។
លោកអឿន ធារ៉ា សហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Cam Realty បានមានប្រសាសន៍ថា ដីនៅកណ្ដាលក្រុងភ្នំពេញ ដូចជានៅតំបន់បឹងកេងកងនេះ អ្នកទិញភាគច្រើនជាអ្នកដែលអភិវឌ្ឍន៍ ទិញដើម្បីសាងសង់តែម្ដង ព្រោះដីធ្លីនៅតំបន់ទាំងនោះវាមានតម្លៃខ្ពស់ជាងគេទៅហើយក្នុងចំណោមបណ្ដាខណ្ឌ នានាទូទាំងរាជធានីភ្នំពេញ ។
លោកបន្តថា ដោយសារតែដីធ្លីនៅតំបន់ទាំងនោះវាមានតម្លៃខ្ពស់ ការទិញលក់មិនសូវមានច្រើនទេ ប៉ុន្តែបើតាមលោកធារ៉ាបានមើលឃើញថាដីធ្លី តំបន់ប៉ែកខាងត្បូងភ្នំពេញដូចជាខណ្ឌដង្កោ និងខណ្ឌមានជ័យ មានការទិញលក់ច្រើនព្រោះតែតំបន់នោះ ដីធ្លីមានតម្លៃសមរម្យ ដែលអាចឱ្យអ្នកវិនិយោគស្វែងរកទិញដើម្បីអភិវឌ្ឍដូចជាសាងសង់បុរី លំនៅឋាន ជាដើម ។
លោកចេង វុទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ INVA Realty បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៦នេះការទិញលក់អចលនទ្រព្យមិនថាដីធ្លី ឬផ្ទះអាចធ្វើទៅបានលើទ្រព្យដែលមានតម្លៃក្រោមទីផ្សារ ជាពិសេសទ្រព្យស្ថិតនៅក្រោមបន្ទុករបស់ធនាគារ ហើយទ្រព្យប្រភេទនេះ មានការទិញលក់ច្រើន និងមានអ្នកចង់បានច្រើនព្រោះតែទាបជាទីផ្សារ២០ទៅ៣០ភាគរយឯណោះ ៕